គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសផលិតឱសថប៉េប៉េអឹមជាដៃគូសហការសម្រាប់ទិវាលើកទី១៥ នៃសមាគម SMAGO នៅប្រទេសម៉ូរីតានី

កាលបរិច្ឆេទ: ១៣ ឧសភា ២០២៦ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី២៤ និង២៥ ខែមេសាកន្លងទៅនេះ ទិវាលើកទី១៥នៃសមាគមសម្ភព និងរោគស្រ្តីវិទ្យាម៉ូរីតានី(SMAGO) ត្រូវបានប្រារព្វឡើងនៅទីក្រុង Nouakchott ក្នុងសណ្ឋាគារ Sheraton និងប្រមូលផ្តុំទៅដោយអ្នកជំនាញថែទាំសុខភាពជាច្រើនរូបដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗនាពេលបច្ចុប្បន្នទាក់ទងនឹងសម្ភព និងរោគស្ត្រីវិទ្យា។ សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមជាដៃគូ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់តួអង្គសំខាន់ៗដែលធ្វើការពាក់ព័ន្ធនឹងសុខភាពមាតា និងសុខភាពបន្តពូជនៅប្រទេសម៉ូរីតានី។

ក្នុងអំឡុងពេលពីរថ្ងៃនៃជំនួបបែបវិទ្យាសាស្រ្តនេះ ប្រធានបទសំខាន់ៗមួយចំនួនត្រូវបានលើកមកពិភាក្សា មានដូចជា រោគសាស្រ្តទាក់ទងនឹងផ្នែកសម្ភព និងអត្រាមរណភាពមាតា មហារីកសុដន់ ភាពគ្មានកូន និងការឆ្លុះមើលក្រពះពោះវៀន។ ព្រឹត្តិការណ៍នេះគឺជាឱកាសដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង ចែករំលែកការអនុវត្តល្អ និងគូសបញ្ជាក់ពីបញ្ហាប្រឈមដែលនៅតែបន្តកើតឡើង ហើយក៏ជាឱកាសបង្ហាញពីវឌ្ឍនភាពនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅក្នុងវិស័យសំខាន់ៗទាំងនេះផងដែរ។

 សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមឧបត្ថម្ភជាថវិកាសម្រាប់ការរៀបចំកិច្ចប្រជុំ មានវត្តមានរយៈពេលពីរថ្ងៃពេញ និងរៀបចំជំនួបជាច្រើនជាមួយអ្នកជំនាញថែទាំសុខភាពដែលមានវត្តមាននៅទីនោះ ដូចជាគ្រូពេទ្យឯកទេសរោគស្ត្រី គ្រូពេទ្យឯកទេសសម្ភព និងឆ្មប។ ការចូលរួមនេះបានធ្វើឱ្យគេកាន់តែស្គាល់ច្បាស់ពីសហគ្រាសផលិតឱសថប៉េប៉េអឹម និងបានពង្រឹងចំណងមិត្តភាពជាមួយភាគីពាក់ព័ន្ធនៅក្នុងវិស័យវេជ្ជសាស្ត្រនៅប្រទេសម៉ូរីតានី។

 ចំណុចសំខាន់ៗដែលគួរឱ្យកត់សម្គាល់នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះរួមមាន ការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកជំនាញ គុណភាពផ្នែកវិទ្យាសាស្ត្រនៃបទបង្ហាញ និងភាពច្បាស់លាស់នៃប្រធានបទដែលឆ្លើយតបយ៉ាងល្អទៅនឹងអាទិភាពសុខភាពសាធារណៈរបស់ប្រទេស។ កិច្ចប្រជុំនេះក៏ជាឱកាសដ៏ល្អបំផុតមួយដើម្បីស្វែងរកកិច្ចសហការ និងភាពជាដៃគូថ្មីៗផងដែរ។

 លទ្ធផលនៃការចូលរួមនេះត្រូវបានចាត់ទុកថាវិជ្ជមានខ្លាំង ទាំងផ្នែកស្ថាប័ន និងទំនាក់ទំនង។ ព្រឹត្តិការណ៍នេះជាឱកាសដ៏ល្អមួយរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដើម្បី​បង្ហាញថា ខ្លួនជាតួអង្គមួយយ៉ាងសំខាន់ចំពោះសុខភាពសាធារណៈ និងសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីនៃប្រទេសម៉ូរីតានី និងដើម្បីកំណត់ទិសដៅសកម្មភាពថ្មីៗសម្រាប់ការលើកកម្ពស់វិស័យឱសថផងដែរ។

សហគ្រាសផលិតឱសថប៉េប៉េអឹមមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកដល់ភាពជោគជ័យនៃទិវា SMAGO លើកទី១៥ នេះ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលមានគោលបំណងលើកកម្ពស់សុខភាពមាតា និងសុខភាពបន្តពូជនៅប្រទេសម៉ូរីតានី៕